យោងតាមទ្រឹស្ដី អារីស្តូត (Aristotle) ពលរដ្ឋល្អ គឺជាអ្នកផ្ដល់សេវាដ៏មានតម្លៃចំពោះរដ្ឋ បំពេញករណីយកិច្ច ជាឆ្មាំ ជាអ្នកថែរក្សាសង្គម ដោយយកចិត្តទុកដាក់ ចំពោះឋានៈរបស់ខ្លួន និងគោរពច្បាប់របស់រដ្ឋ ។ ពលរដ្ឋល្អ ត្រូវសួរខ្លួនឯងថា "រស់នៅក្នុងរដ្ឋមួយ តើខ្លួនបានធ្វើ និងផ្ដល់អ្វីខ្លះ ដែលមានប្រយោជន៍ ដល់ជាតិ មាតុភូមិរបស់ខ្លួន តែមិនត្រូវសួរថា តើជាតិមាតុភូមិ បានធ្វើ និងបានផ្ដល់អ្វីខ្លះ មានប្រយោជន៍ដល់ខ្លួននោះទេ និងលើសពីនេះទៀត តាមរយៈកុសលភាព អ្វីៗដែលគេនឹងប្រាថ្នា និងអ្វីៗដែលគេធ្វើ គឺជាអ្វីៗដែលល្អ " ។
ពលរដ្ឋល្អ ទាមទារឱ្យមានការអប់រំ យោងតាម អារីស្តូត គោលបំណងនៃការអប់រំ គឺដើម្បីបង្កើតរដ្ឋល្អមួយ ។ ដើម្បីសម្រេចគោលបំណងនេះបាន ដោយការបណ្ដុះបណ្ដាលយុវជនឱ្យចេះគោរព ឬស្ដាប់បង្គាប់ តាំងពីក្មេង និងរៀបចំឱ្យពួកគេក្លាយជាអ្នកដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ និងជាអ្នកគ្រប់គ្រងល្អ ពេលដែលពួកគេក្លាយជាមនុស្សពេញវ័យ ។ ដូច្នេះ ការគ្រប់គ្រង គឺជាគោលបំណងចុងក្រោយ ហើយក៏ជាមុខងារខ្ពស់បំផុតនៃការអប់រំ ។ ក៏ប៉ុន្តែ ចំពោះមនុស្សម្នាក់ ដើម្បីក្លាយជាអ្នកគ្រប់គ្រងល្អម្នាក់ ជាដំបូង ត្រូវតែជាមនុស្សល្អម្នាក់ ។ ដូច្នោះគោលបំណងនៃការអប់រំ គឺផលិតមនុស្សល្អ ។
ប្រភព ៖ ទស្សនវិជ្ជា លោកសាស្ត្រាចារ្យ ប៉ាន់ វុត្ថា (ទំព័រ២៣៦)
No comments:
Post a Comment