Sunday, January 14, 2018

ព្រះជ័យជេដ្ឋា ឬជ័យជេស្ដាទី២ (១៦១៨ -១៦២២)

នៅក្នុងឆ្នាំ១៦១៨ ដោយនឿយណាយនឹងគ្រប់គ្រងប្រទេសជាតិ ណាមួយមានអាពាធផង ព្រះស្រីសុរិយោពណ៌បានផ្ដល់ដំណឹងដល់ព្រះជ័យជេដ្ឋា ព្រះរាជបុត្រាច្បងរបស់ព្រះអង្គ ដែលសៀមទុកឱ្យនៅនឹងស្រុកគេនៅឡើយ ថាព្រះអង្គមានបំណងចង់ដាក់រាជសម្បត្តិថ្វាយ ។ ព្រះជ័យជេដ្ឋាក៏សុំការអនុញ្ញាត ពីព្រះរាជាអយុទ្យា ធ្វើដំណើរមកកម្ពុជាវិញ ដោយមានទ័ពសៀមហែហមមកជាមួយផង និងពួកខ្មែរដែលនៅបំរើព្រះអង្គ ហើយដែលមានបំណងចង់មកតាមដែរ ។ មកដល់បរិបូរណ៌ ទ្រង់បានបញ្ជាឱ្យទ័ពសៀមវិលត្រឡប់ទៅវិញ រួចក៏យាងកាត់មករកល្វាឯម ។ ពេលនោះទ្រង់មានព្រះជន៤០ព្រះវស្សាហើយ ។
ព្រះសុរិយោពណ៌បានលើកព្រះជ័យជេដ្ឋាឱ្យឡើងគ្រងរាជសម្បត្តិ មានព្រះនាមថា ព្រះបាទសម្ដេចព្រះរាជឱង្កាព្រះជ័យជេដ្ឋាធិរាជរាមាធិបតីបរមបពិត្រ ។ ព្រះឧទ័យជាព្រះអនុជ ដែលមានព្រះជន៣៩ព្រះវស្សា បានទទួលព្រះឋានៈ ជាព្រះមហាឧបរាជ។
មួយឆ្នាំក្រោយមក ព្រះស្រីសុរិយោពណ៌បានសោយទិវង្គតទៅ នៅក្នុងព្រះជន៦៤ព្រះវស្សា ។ ព្រះជ័យជេដ្ឋា និងព្រះឧទ័យ បានរៀបចំព្រះរាជពិធីបូជាព្រះសពព្រះវរាជបិតា រួចហើយបានយកព្រះអដ្ឋិធាតុ ទៅបញ្ចុះនៅក្នុងចេតិយមួយសង់នៅលើភ្នំព្រះរាជទ្រព្យ នៅក្បែរឧត្ដុង្គ ភ្នំនោះក៏ដូរឈ្មោះទៅជាត្រៃត្រឹងចាប់ពីពេលនោះរហូតមក។


នៅរវាងឆ្នាំ១៩២០ ព្រះរាជាជ័យជេដ្ឋាបានធ្វើដំណើរ មកកាន់ភ្នំត្រៃត្រឹង ទ្រង់ចាប់ព្រះទ័យជាខ្លាំងនឹងស្រុកឧត្ដុង្គ ទ្រង់បញ្ជាឱ្យសង់រាជវាំងមួយនៅពីខាងជើងស្រះកែវ។ រួចបានចេញបញ្ជាឱ្យប្ដូរឈ្មោះ រាជធានី ដែលនៅក្បែរព្រះរាជវាំងនោះថាជា ឧត្ដុងមានជ័យ វិញ។
នៅឆ្នាំ១៦២២ ទ្រង់បានឱ្យជីកស្រះមួយទៀត នៅពីក្រោយស្រះកែវនោះ ។ គឺនៅក្នុងឱកាសនោះឯង ដែលទ្រង់បានចេញបញ្ជាឱ្យ នាម៉ឺនសព្វមុខមន្ត្រី ហៅព្រះអង្គថា សម្ដេចព្រះនរាយណ៍មនាថ។
នៅក្នុងឆ្នាំ១៦២៣ ទ័ពសៀមពីរកងបានចូលមកលុកលុយ ព្រះរាជាណាចក្រកម្ពុជា មួយកងចូលមកពីទិសខាងជើង ដឹកនាំដោយព្រះរាជបុត្រស្ដេចសៀម និងមួយកងទ័ពទៀតដឹកនាំដោយឧត្ដមសេនីយ៍ ភ្យាថៃណាំ ចូលមកក្នុងខេត្របន្ទាយមាសពីទិសខាងត្បូង។ ព្រះជ័យជេដ្ឋា បានដឹកនាំទ័ពចេញទៅវាយទ័ពសៀម នៅទិសខាងជើងឱ្យបរាជ័យ នៅបរិបូរណ៌ ត្រង់ភ្នំចង្កង់ ឯព្រះឧទ័យ បានដឹកនាំទ័ពចេញវាយសៀមឱ្យបរាជ័យ នៅបន្ទាយមាស បង្ខំឱ្យចុះទូកចេញទៅវិញទៅ។ មួយឆ្នាំក្រោយមក ទ័ពសៀមចុះសំពៅវិលត្រឡប់មកម្ដងទៀត ក៏ប៉ុន្តែត្រូវព្យុះបក់បោកបង្ខំឱ្យត្រឡប់ចូលទៅក្នុងទន្លេមេណាមវញដើម្បីជៀសវាងការខូចខាត ជាហេតុធ្វើឱ្យស្ដេចសៀម ព្រះចៅប្រាសាទថោង បោះបង់យុទ្ធនាការនេះចោល។ ដើម្បីរំលឹកដល់ជ័យជម្នះនេះ ហើយដើម្បីសម្ដែងការដឹងគុណដល់ព្រះរតនត្រ័យផងព្រះរាជាបានចេញបញ្ជាឱ្យកសាងប្រាង្គមួយនៅលើកំពូលភ្នំ ព្រះរាជទ្រព្យពីលើចេតិយ ដែលដាក់អដ្ឋិធាតុព្រះបិតាព្រះអង្គ។
ឡើងគ្រងរាជបល្ល័ង្កមិនទាន់បានប៉ុន្មានផង ព្រះជ័យជេដ្ឋា បានទទួលយកក្សត្រីអាណ្ណាមមួយអង្គ ដែលព្រះរាជាអាណ្ណាម បានបញ្ជូនមកថ្វាយ ធ្វើជាព្រះជាយា ហើយបានលើកព្រះក្សត្រីនោះឡើងជាសម្ដេចភគវតីព្រះស្រីវរក្សត្រី។



ព្រះក្សត្រីនេះមានសម្ផស្សល្អខ្លាំងណាស់ ហើយចេះធ្វើឱ្យព្រះជារាស្រលាញ់ និងស្ដាប់បង្គាប់។ គេបានចាត់ទុកថា ទំនាក់ទំនងរវាងព្រះរាជាអាណ្ណាម ជាមួយព្រះរាជាកម្ពុជា បានចាប់ផ្ដើមកើនឡើង ពីត្រឹមពេលដែលក្សត្រីរូបនេះយាងមកដល់រាជវាំងកម្ពុជា ។
នៅក្នុងឆ្នាំ១៩២៣ មានទូតអាណ្ណាមមួយក្រុម ហើយស្នើសុំព្រះរាជានុញ្ញាត ឱ្យប្រជាជនអាណ្ណាម ចូលមករស់នៅចុងខាងត្បូងនៃព្រះរាជាណាចក្រហើយសុំព្រះរាជានុញ្ញាតបង្កើតទីស្នាក់ការគយមួយកន្លែងនៅ​ព្រៃនគរ(សាយហ្គន)ដើម្បីគាំទ្រដល់កិច្ចការទាំងអស់នេះ។ ព្រះរាជាអាចនឹងលំបាកក្នុងការប្រកែកមិនយល់ព្រមតាមសំណើ ហើយព្រះរាជក្សត្រីយ៍ក៏ប្រហែលជាបានទទូចឱ្យព្រះរាជាបំពេញតាមបំណងរបស់ព្រះបិតាផងដែរ នៅទីបញ្ចប់ព្រះរាជា ក៏យល់ព្រមផ្ដល់ការអនុញ្ញាតតាមការស្នើសុំទាំង២។ គឺដោយបែបនេះហើយ ដែលពួកយួនចូលមករស់នៅក្នុងស្រុកខ្មែរ ហើយចាប់ផ្ដើមទន្ទ្រានដណ្ដើមយកទឹកដីដែលយើងសព្វថ្ងៃហៅថា កូសាំងស៊ីន
ព្រះជ័យជេដ្ឋា បានសុគតទៅនៅក្នុងឆ្នាំ១៦២៨ ក្នុងព្រះជន្មាយុ៥៨ព្រះវស្សា ក្រោយពីទ្រង់ឡើងសោយរាជ្យបាន១០ឆ្នាំ
ប្រភព ៖ លោកអាឌេម៉ា ឡឺក្លែរ ប្រវត្តិសាស្ត្រប្រទេសកម្ពុជា 
(លោកក៏ជាអតីត រេស៊ីដង់បារាំងប្រចាំនៅកម្ពុជា)

No comments:

Post a Comment