តម្លៃនៃជីវិតរបស់មនុស្ស៖
ដើម្បីស្គាល់ពី តម្លៃនៃជីវិត យើងគួររំលឹកឡើងវិញនៅបញ្ញាត្តិ៣ គឺ ជីវិត កាល និងលំហ។
ជីវិត៖ ជាការព្រឹត្តិការណ៍រស់នៅ។ ជាលក្ខណៈពិសេស សារវន្តនៃភាវៈដែលមានសរីរាង្គ ដែលវិវិតន៍តាំងពីថ្ងៃកើតរហូតដល់មរណៈ ដោយត្រូវឱ្យភាវៈបំពេញមុខងារផ្សេងៗសម្រាប់ជីវិតនោះ។
កាល៖ ជាដំណើរពេលវេលាអត់ទីបញ្ចប់ ដែលមានអត្ថិភាពបំលាស់ប្ដូរជាបន្តបន្ទាប់នៃវត្ថុ និងបាតុភូតនានា ដែលហាក់ដូចជាឈានទៅមុខជានិច្ច ឥតវិលត្រឡប់វិញឡើយ។
លំហ៖ ជាមជ្ឈដ្ឋានដែលត្រូវកំណត់តិច ឬច្រើន ដោយមានវត្ថុអ្វីមួយស្ថិតនៅក្នុងនោះ។
បញ្ញាត្តិ ជីវិត មិនអាចកាត់ផ្ដាច់ចេញពី កាល និងលំហ បានឡើយ។ ការបើកទូលាយលំហនៃសកម្មភាពរបស់មនុស្សគឺ ពង្រឹងពុទ្ធិ ស្ដីពីកម្រិត ប្រវែងរបស់កាល។ រីឯការរារាំង លំហ នៃសកម្មភាពរបស់មនុស្ស គឺពិតជាពុំបានធ្វើឱ្យពុទ្ធិនោះទូលំទូលាយឡើយ។
ឧទាហរណ៍៖ លោក ក មានអាយុ៧០ឆ្នាំ(កាល) លោករស់នៅក្នុងភូកិដាច់ស្រយ៉ាលមួយ ហើយពុំធ្លាប់ដើចេញផុតពីភូមិនោះទេ (លំហ)។ ចំណែកឯលោក ខ វិញមានអាយុ២៥ឆ្នាំប៉ុណ្ណោះ (កាល) លោកបានធ្វើដំណើរទៅដល់ប្រទេសជាច្រើន (លំហ)។
សរុបមក៖ លោក ក ឥតបានបើកទូលាយលំហនៃសកម្មភាពរបស់ខ្លួនទេ។ ចំណែកឯលោក ខ វិញបានបើកទូលាយលំហនៃសកម្មភាពរបស់ខ្លួន។ ឯពុទ្ធិរបស់លោក ខ វិញមានកម្រិតច្រើនជាង កម្រិតប្រវែងនៃជីវិតរបស់ខ្លួន។ ឆ្លងតាមឧទាហរណ៍នេះ យើងសង្កេតឃើញថា ការបើកទូលាយលំហ គឺបើកទូលាយក្របខណ្ឌនៃសកម្មភាព នេះហើយដែលបណ្ដាលឱ្យពុទ្ធិរបស់មនុស្សកាន់តែរីកចំរើនទៅមុខ។
ប្រភព៖ ប៉ាន់ វុត្ថា សាស្ត្រាចារ្យ ទស្សនវិជ្ជា (ការគិត៖ មនុស្ស និងច្បាប់សង្គម)
No comments:
Post a Comment